ក្រសួងវប្បធម៌កម្ពុជាបានធ្វើការតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពរបស់ភាគីថៃ នៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី
ក្រសួងវប្បធម៌កម្ពុជាបានធ្វើការតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពរបស់ភាគីថៃ នៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី
នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការតវ៉ាយ៉ាងដាច់អហង្ការចំពោះក្រសួងវប្បធម៌ថៃ ដែលពាក់ព័ន្ធនឹងសកម្មភាពនានាដែលអាជ្ញាធរថៃបានអនុវត្តនៅតាមតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី ដែលប្រាសាទទាំងពីរនេះស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាទាំងស្រុង ដូចដែលបានកំណត់យ៉ាងច្បាស់ដោយសន្ធិសញ្ញ បារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ព្រមទាំងផែនទីដែលត្រូវបានទទួលស្គាល់ជាផ្លូវការ និងនៅតែមានសុពលភាពស្របតាមច្បាប់អន្តរជាតិ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍នៃការខូចខាតធ្ងន់ធ្ងរ និងការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងនៃប្រាសាទតាក្របីដែលជាទីកន្លែងសក្ការៈ និងជាបេតិកភណ្ឌប្រវត្តិសាស្ត្រ ដ៏សំខាន់ដែលត្រូវបានថែរក្សាអស់រយៈពេលរាប់សតវត្សរ៍ មានតម្លៃវប្បធម៌ និងជាដួងព្រលឹងរបស់ប្រជាជនខ្មែរ។ កម្ពុជាមិនអាចទទួលយកបាននូវ៖
១- ការប្រើប្រាស់កម្លាំងណាមួយប្រឆាំងទៅលើតំបន់វប្បធម៌ និងបុរាណវិទ្យា
២- សកម្មភាពស្ដារឡើងវិញ អភិរក្ស ចុះបញ្ជី ឬសាងសង់ណាមួយ ដែលអនុវត្តដោយឯកតោភាគី ដោយគ្មានការយល់ព្រមពីភាគីកម្ពុជា ឬ
៣- សកម្មភាពណាមួយដែលប៉ះពាល់ ឬបំផ្លាញស្ថានភាពផ្លូវច្បាប់ ប្រវត្តិសាស្ត្រ និងវប្បធម៌នៃតំបន់ទាំងនេះ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក៏បានអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នៅតំបន់ ប្រាសាទតាមាន់ និងប្រាសាទតាក្របីដោយគោរពអធិបតេយ្យភាពរបស់កម្ពុជា និងដោះស្រាយបញ្ហាពាក់ព័ន្ធទាំងអស់ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តការប្ដេជ្ញាចិត្តក្នុងការការពារ និងថែរក្សាបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ភាពស្របច្បាប់និងគោលការណ៍ដែលត្រូវបានគាំទ្រដោយអង្គការអន្តរជាតិ៕





