ក្រសួងធម្មការនិងសាសនាប្រឆាំងតវ៉ាយ៉ាងដាច់ខាតចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃដែលបានកសាងព្រះពុទ្ធប្បដិមាក្នុងដែនអធិបតេយ្យរបស់កម្ពុជា
ក្រសួងធម្មការនិងសាសនាប្រឆាំងតវ៉ាយ៉ាងដាច់ខាតចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃដែលបានកសាងព្រះពុទ្ធប្បដិមាក្នុងដែនអធិបតេយ្យរបស់កម្ពុជា
នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ក្រសួងធម្មការនិងសាសនា បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងជំទាស់ចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃដែលបានកសាងព្រះពុទ្ធប្បដិមា នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្រសួងធម្មការនិងសាសនា ក៏បានបញ្ជាក់ថា ការតម្កល់រូបសំណាកព្រះពុទ្ធប្បដិមានៅលើទីតាំងរូបសំណាកបដិមាព្រះវិស្ណុ ដែលត្រូវបានបំផ្លាញដោយយោធាថៃ នៅតំបន់អានសេះ ខេត្តព្រះវិហារ គឺជាការរំលោភបំពានមកលើ ដែនអធិបតេយ្យភាពកម្ពុជា ផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់យកទឹកដីដោយប្រើប្រាស់កម្លាំង និងផ្ទុយស្រឡះទៅនឹងការប្ដេជ្ញាចិត្តរបស់ថៃ ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ។
ក្រសួងធម្មការ និងសាសនាក៏បានបញ្ជាក់បន្ថែមថា នាពេលកន្លងមក សេចក្តីថ្លែងការណ៍រួមស្ដីពីសន្តិភាពនិងដំណោះស្រាយវិវាទដោយសន្តិវិធី ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបញ្ជាក់ជារួមអំពីកាតព្វកិច្ចរបស់ភាគីទាំងពីរ ក្នុងការមិនអនុវត្តវិធានការជាឯកតោភាគី និងសូមឱ្យយោធាថៃចូលរួមគោរពដោយស្មោះត្រង់ចំពោះលក្ខខណ្ឌនិងស្មារតីនៃកិច្ចព្រមព្រៀងគោរពច្បាប់អន្តរជាតិនិងកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់៕




