គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអំពើដ៏ព្រៃផ្សៃជាបន្តបន្ទាប់ របស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអំពើដ៏ព្រៃផ្សៃជាបន្តបន្ទាប់ របស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា
យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអំពើជាបន្តបន្ទាប់របស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា ដែលមានលក្ខណៈព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ អំពើទាំងនោះបានចាប់ផ្តើមពីការរើសអើងការគំរាមកំហែង និងការបង្កអំពើហិង្សាក្រោមរូបភាពផ្សេងៗចំពោះពលករកម្ពុជា ដែលកំពុងធ្វើការក្នុងប្រទេសថៃ។
គ.ស.ម.ក ថ្កោលទោសអំពើគួរឱ្យស្អប់ខ្ពើមនេះ និងសូមគូសបញ្ជាក់ថា ការរំលោភផ្លូវភេទគឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ង ដែលត្រូវផ្តន្ទាទោសដោយគ្មានការលើកលែង។
គ.ស.ម.ក. ក៏បានគូសបញ្ជាក់ផងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា តែងតែក្រើនរម្លឹក និងណែនាំដល់ប្រជាពលរដ្ឋកម្ពុជា កុំឱ្យមានរើសអើង ឬប្រើហិង្សា លើប្រជាពលរដ្ឋថៃ អ្នកជំនួញថៃ ក៏ដូចជាជនជាប់ទោសដែលជាជនជាតិថៃក្នុងពន្ធនាគារនៅក្នុងប្រទេស កម្ពុជា។
គ.ស.ម.ក ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃចាត់វិធានការជាបន្ទាន់ ដើម្បីនាំយកឧក្រិដ្ឋជនមកផ្តន្ទាទោសតាមច្បាប់ ព្រមទាំងផ្តល់យុត្តិធម៌ និងសំណងផ្សេងៗដល់ជនរងគ្រោះ។ បន្ថែមពីលើនេះ សូមសហគមន៍អន្តរជាតិមេត្តាជួយជំរុញដល់ភាគីថៃឱ្យទទួលខុសត្រូវចំពោះករណីទាំងនេះនិងធានាថា ភាគីថៃ គោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិជាធរមាន។ ប្រសិនបើ ប្រទេសថៃមិនដោះស្រាយ ករណីទាំងនេះឱ្យទាន់ពេលវេលា និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះនោះទេ ឆ្លុះបញ្ចាំងថា ប្រទេសថៃមិន ត្រឹមតែជាប្រទេសគ្មានច្បាប់ទម្លាប់ប៉ុណ្ណោះទេ តែក៏ជាប្រទេសដែលការពារឧក្រិដ្ឋជនផងដែរ។ ប្រទេសកម្ពុជាប្រកាន់ខ្ជាប់គោលការណ៍ច្បាប់អន្តរជាតិ និងការគោរពគ្នាទៅវិញទៅមក៕


