អាជ្ញាធរមីនច្រានចោលការចោទប្រកាន់និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាថាបានប្រើប្រាស់និងដាក់មីនថ្មី
យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២៥ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានសម្តែងការសោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួន ដែលបានផ្សព្វផ្សាយក្នុងចេតនាចោទប្រកាន់និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ថាបានប្រើប្រាស់និងដាក់មីនថ្មីក្នុងខណៈពេលដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងលុបបំបាត់គ្រាប់មីននិងទុក្ខវេទនារបស់សហគមន៍ដែលបង្កឡើងដោយមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិថាជាប្រទេសគំរូនិងឈានមុខក្នុងវិស័យសកម្មភាពមីនសាកល។
អាជ្ញាធរមីន ក៏បានគូសបញ្ជាក់ថា ការចោទប្រកាន់គ្មានមូលដ្ឋាននេះ ក៏ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងនៃក្រុមការងារសម្របសម្រួលរួម (JCTF) ដែលបានបង្កើតឡើងដោយប្រទេសទាំងពីរដើម្បីជំរុញដល់ការបោស សម្អាតមីនមនុស្សធម៌និងបង្កើនទំនុកចិត្តរវាងគ្នានៅតាមបណ្តោយព្រំដែនផងដែរ។
ក្នុងនាមជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) កម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍និងគោរពយ៉ាងខ្ជាប់ខ្ជួនតាមបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា ហើយកម្ពុជាបានចាត់ទុកសកម្មភាពមីន ជាការចូលរួមចំណែកក្នុងការកសាងសន្តិភាពនិងជាស្នូលនៃការអភិវឌ្ឍជាតិ។ កម្ពុជា ក្នុងនាមជាប្រទេសស្រលាញ់សន្តិភាពទទួចដល់ភាគីថៃចៀសវាងការយកបញ្ហាផ្ទុះមីននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងតំបន់ព្រំដែន ដែលបានធ្វើឱ្យទាហានថៃពីរនាក់រងរបួសជាមូលហេតុនៃការផ្អាកអនុវត្តជា ឯកតោភាគីនូវកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕




