គណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្មថ្កោលទោសទង្វើឈ្លានពានយ៉ាងគឃ្លើនដែលបង្កឡើងដោយកងទ័ពថៃមកលើប្រជាជនកម្ពុជាក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់
គណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្មថ្កោលទោសទង្វើឈ្លានពានយ៉ាងគឃ្លើនដែលបង្កឡើងដោយកងទ័ពថៃមកលើប្រជាជនកម្ពុជាក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់
គណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពណិជ្ជកម្ម(គ.ជ.គ.ព.) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះទង្វើឈ្លានពានយ៉ាងគឃ្លីនដែលកងទ័ពថៃបានបើកការវាយប្រហារដោយគ្មានមូលហេតុ ដោយចេតនាបង្កហេតុ ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលកងកម្លាំងប្រដាប់អាវុធថៃបានធ្វើការវាយប្រហារទាំងកម្រោលឥតញញើតដែលប្រដាប់ដោយខែលការពារ ដំបង និងអាវុធ បានចូលមកឈ្លានពានក្នុងទឹកដីកម្ពុជា ថែមទាំងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ព្រមទាំងប្រើឧបករណ៍បំពងសម្លេងហ្វ្រេកង់ខ្ពស់ដែលសកម្មភាពទាំងនេះបានបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋកម្ពុជាបង្កឱ្យមានរបួសដល់ជនស៊ីវិលជាច្រើននាក់រួមទាំងព្រះសង្ឃដែលកំពុងការពារផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ខ្លួនដោយសន្តិវិធីនៅលើដែនដីកំណើតរបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា រាល់សកម្មភាពឈ្លានពានគំរាមកំហែងដែលបង្កឡើងដោយកងទ័ពថៃនេះគឺជាទង្វើមួយដែលមិនអាចទទួលយកបាននិងចាត់ទុកជាការបំពានយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជា រួមទាំង បំពានច្បាប់អន្តរជាតិ គោលការណ៍ចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន កិច្ចព្រមព្រៀងបទឈប់បាញ់ជាធរមានរបស់ប្រទេសទាំងពីរ បទដ្ឋានមនុស្សធម៌និងជាពិសេសធ្វើឱ្យអន្តរាយយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទាំងពីរ ក្នុងការដោះស្រាយវិវាទតាមរយៈកិច្ចសន្ទនាចរចាដោយសន្តិវិធីនាពេលកន្លងមក។
សេចក្តីថ្លែងការណ៍ ក៏បានអំពាវនាវបន្ថែមទៀតដល់សហគមន៍អន្តរជាតិ ជាពិសេសអាស៊ាននិងបណ្តាដៃគូពាក់ព័ន្ធយកចិត្តទុកដាក់លើការវិវត្តដ៏គួរឱ្យព្រួយបារម្ភទាំងនេះ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានា សម្រាប់ទប់ស្កាត់ការកើនឡើងនៃភាពតានតឹងបន្ថែមទៀត ស្របពេលដែលកម្ពុជានៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធីដោយផ្អែកលើគោលការណ៍នៃភាពជាអ្នកជិតខាងល្អ ច្បាប់អន្តរជាតិ និងស្មារតីសាមគ្គីភាពរបស់អាស៊ានដើម្បីលើកកម្ពស់ការអភិវឌ្ឍ និងភាពសុខដុមរមនា សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕



