រដ្ឋមន្ដ្រីក្រសួងអប់រំកម្ពុជា៖ សាលារៀនពីរកន្លែង នៅស្រុកបន្ទាយអំពិល ខេត្តឧត្តមមានជ័យ ត្រូវថៃផ្លោងគ្រាប់ដាក់៤គ្រាប់
រដ្ឋមន្ដ្រីក្រសួងអប់រំកម្ពុជា៖ សាលារៀនពីរកន្លែង នៅស្រុកបន្ទាយអំពិល ខេត្តឧត្តមមានជ័យ ត្រូវថៃផ្លោងគ្រាប់ដាក់៤គ្រាប់
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា សាលារៀនចំនួន២កន្លែង នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ត្រូវបានទាហានថៃផ្លោងគ្រាប់ដាក់ចំនួន៤គ្រាប់។
ឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃទី២៥ កក្កដា មានគ្រាប់៤គ្រាប់ធ្លាក់ចូលក្នុងទីធ្លាសាលាបឋមសិក្សាមនោរម្យ១+២ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ»។
សូមជម្រាបថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ សាលារៀនប្រមាណ ២៦០ទីតាំងក្នុងខេត្តឧត្តរមានជ័យ ត្រូវបានផ្អាកទាំងស្រុង ដោយសារការឈ្លានពានទាំងកម្រោលរបស់ថៃ ដែលបានចាប់ផ្តើមឡើងកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ នេះបើយោងតាមលោក មាស ម៉េត ភក្តី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តឧត្តរមានជ័យ។
លោកបានបញ្ជាក់ថា «ដោយសារចោរឈ្លានពានល្មោភសង្គ្រាម ឃ្លានទឹកដីគេសាលារៀនទាំងអស់ ២៦០ទីតាំង ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានផ្អាកទាំងស្រុង»។
អមជាមួយនឹងរូបភាពដែលបង្ហាញពីភាពស្ងាត់ជ្រងំ នៅក្នុងអនុវិទ្យាល័យសម្តេច ហ៊ុន សែន ចុងកាល់ លោកបានលើកឡើងថា ការវាយប្រហារនូវអាវុធធុនធ្ងន់របស់ថៃ បានធ្វើឱ្យអាណាព្យាបាល និងសិស្សានុសិស្សមានភាពភ័យខ្លាច និងមិនអនុញ្ញាតឱ្យកូនចៅរបស់ខ្លួនមករៀនឡើយ៕

