សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់សមត្ថកិច្ចនិងអាជ្ញាធរគ្រប់រាជធានី/ខេត្តពង្រឹងការត្រួតពិនិត្យការប្រើប្រាស់គ្រឿងស្រវឹងនៅពេលបើកបរ ជាពិសេសក្នុងឱកាសចូលឆ្នាំចិនខាងមុខ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់សមត្ថកិច្ច និងអាជ្ញាធរគ្រប់រាជធានី/ខេត្តពង្រឹងបន្ថែមលើការត្រួតពិនិត្យការប្រើប្រាស់គ្រឿងស្រវឹងនៅពេលបើកបរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកាន់តែទាប។
នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រារព្ធនៅសណ្ឋាគារ សូហ្វីតែលភូគីត្រា នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បន្ទាប់ពីប្រទេសកម្ពុជា បានបញ្ចប់សង្រ្គាម និងទទួលបានសុខសន្តិភាពពេញលេញនិងការអភិវឌ្ឍ យើងសង្កេតឃើញថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងផងដែរ។
ថ្លែងនៅក្នុងពិធីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់សហការជាមួយអគ្គស្នងការនគរបាលជាតិ និងស្នងការខេត្ត ពង្រឹងការត្រួតពិនិត្យមើលការបើកបរមានជាតិស្រវឹងឡើងវិញ ដោយជួសជុលនិងបំពាក់ស្លាកសញ្ញា ភ្លើងសញ្ញាចរាចរណ៍ និងរនាំងចែកទ្រូងផ្លូវ និងប្រើប្រាស់កម្មវិធីកាត់ពិន្ទុឱ្យបានខ្ជាប់ខ្ជួន ជាពិសេសក្នុងឱកាសបុណ្យប្រពៃណីជាតិចិន-វៀតណាមខាងមុខនេះ៕