ខ្មែរប៉ុស្ដិ៍ Close

ការអភិវឌ្ឍប្រទេសមួយ ត្រូវការចំបាច់នូវមូលធនមនុស្សប្រកបដោយចំណេះដឹង សុខភាពល្អ សីលធម៌ គុណធម៌ និងចរិយាធម៌ប្រពៃថ្លៃថ្លា

ដោយ៖ សូ សែនឬទ្ធា ​​ | ថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 285

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ថា ការអភិវឌ្ឍប្រទេសមួយ ត្រូវការចំបាច់នូវមូលធនមនុស្សប្រកបដោយចំណេះដឹង សុខភាពល្អ និងមានសីលធម៌ គុណធម៌ និងចរិយាធម៌ប្រពៃថ្លៃថ្លា។ ការលើកឡើងរបស់លោកជំទាវបណ្ឌិត ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គ និងប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាមក្នុងកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា វគ្គទី១១ ឆ្នាំទី១១ ចំនួន ៦៣០ អង្គ/នាក់ នាបរិវេណវត្តភ្នៀតសិម្ពលី ស្ថិតនៅក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤។

នៅក្នុងឱកាសនៃពិធីនោះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានលើកឡើងថា តាមរយៈការបើកវគ្គអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ដែលរៀបចំដោយព្រះសិរីកោសល សុំ សុខា បានចូលរួមចំណែកដល់ការកសាងសន្តិភាពផ្លូវចិត្ត តាមរយៈការជម្រះនូវទុក្ខកង្វល់ ចេះអប់រំផ្លូវចិត្ត និងផ្តល់នូវក្តីមេត្តាធម៌ ដែលជាផ្នែកមួយនៃការចូលរួមកសាងអភិវឌ្ឍសង្គមជាតិប្រកបដោយគុណភាព។

ស្របគ្នានោះដែរ លោកជំទាវបណ្ឌិត បានកោតសរសើរចំពោះក្រសួងធម្មការ និងសាសនា ក៏ដូចជា គណៈសង្ឃនាយក រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសព្រះសិរីកោសល សុំ សុខា ព្រមទាំងព្រះគ្រូធម្មាចារ្យគ្រប់រូប និងពុទ្ធបរិស័ទទាំងអស់ ដែលបានសហការ ខិតខំប្រឹងប្រែងរៀបចំកម្មវិធីនេះឡើង ហើយបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ មិនតែប៉ុណ្ណោះ បានជួយចែករំលែក និងបង្ហាត់បង្រៀននូវរាល់ចំណេះដឹងបន្ថែម ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា វប្បធម៌ និង ប្រពៃណីទំនៀមទម្លាប់របស់ជាតិយើង តាមរយៈការបើកវគ្គបំបួស អប់រំសីលធម៌ គុណធម៌ព្រះពុទ្ធសាសនាដល់កុលបត្រ កុលធីតាខ្មែរ រហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់គួរជាទីមោទនៈ។ ទន្ទឹមនេះ លោកជំទាវបណ្ឌិត បានស្នើរដល់គណៈសង្ឃនាយក បន្តសកម្មភាពបំបួសកុលបុត្រ កុលធីតាខ្មែរ ឱ្យបានជាប់ជាប្រចាំ ហើយបន្តពង្រីកវិសាលភាពនៃកម្មវិធីនេះ ឱ្យបានច្រើនបន្ថែមទៀត ។

សូមជម្រាបជូនផងដែរថា កម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា វគ្គទី១១ ឆ្នាំទី១១ បានប្រារព្ធឡើងវិញ បន្ទាប់ពីបានអាក់ខានរយៈពេល ៤ឆ្នាំ ដោយសារជំងឺរាតត្បាតសកលកូវីដ-១៩ ដែលប្រារព្ធឡើងក្នុងគោលបំណងផ្សព្វផ្សាយ ការអប់រំសីលធម៌ព្រះពុទ្ធសាសនា អប់រំចិត្តគំនិត និងបដិបត្តិសមាធិ ដោយបានចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ទី៧ ខែកក្កដា ឆ្នាំ២០២៤ ជាមួយការបំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ ក្នុងនោះមានសីលវតីចំនួន ៣៧៦ អង្គ/នាក់ ៕

អត្ថបទទាក់ទង