ខ្មែរប៉ុស្ដិ៍ Close

អនុវត្តតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត គិតត្រឹមថ្ងៃទី២០នេះ សប្បុរសជនបានបរិច្ចាគថវិកាជិត៣លានដុល្លារ ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 91

គិតត្រឹមព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ សប្បុរសជនបានចូលរួមបរិច្ចាគថវិកាប្រមាណ ២ លាន ៧៦ម៉ឺនដុល្លារហើយ នៅក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជា។ នេះបើយោងតាមលោក ឃាន តួក អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងប្រាប់ក្រុមការងារប្រតិបត្តិផ្សព្វផ្សាយព័ត៌មានតាមអ៊ិនធឺណិតក្រសួងព័ត៌មាន។

លោក ឃាន តួក បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ, មានសប្បុរសជនសរុបចំនួនប្រមាណ ១៦ម៉ឺន ៧ពាន់នាក់ បានចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ ដោយទទួលបានថិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាម៉េរិកចំនួនប្រមាណ ២ លាន ៧៦ម៉ឺនដុល្លារ។

ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា រូបនេះបានបន្ដថា ក្រៅពីចូលរួមបរិច្ចាគ, សប្បុរសជនមួយចំនួនក៏បានចូលរួមផ្សព្វផ្សាយបន្ត ទាំងក្នុងលក្ខណៈជាបុគ្គលផ្ទាល់ និងតំណាងអង្គភាពនីមួយៗ។ ការផ្សព្វផ្សាយពីយុទ្ធនាការនេះ ក៏មានការចូលរួមយ៉ាងសកម្មពីសំណាក់អង្គភាពសារព័ត៌មានានា, ក្រុមហ៊ុន-សហគ្រាស, ធនាគារដៃគូរបស់មូលនិធិ, បុគ្គលមានប្រជាប្រិយ និងតារាសម្ដែងផងដែរ។

ស្របពេលជាមួយគ្នានេះ, គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត, និងក្រុមហ៊ុន-សហគ្រាសសំខាន់ៗ ក៏បាន និងកំពុងបំផុសចលនាកៀរគរការបរិច្ចាគដើម្បីគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ ដែលផ្ដួចផ្ដើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ផងដែរ៕

អត្ថបទទាក់ទង