ខ្មែរប៉ុស្ដិ៍ Close

កូនឈើត្រូវបានបណ្តុះបន្ទាប់ពីការដាក់ចេញផែនការបណ្ដុះដើមឈើកាលពីខែតុលា ឆ្នាំ២០២៣ ដើម្បីសម្រេចគោលសំដៅបង្កើនគម្របព្រៃឈើកម្ពុជា ឱ្យបាន ៦០ភាគរយ នៅឆ្នាំ២០៥០

ដោយ៖ សម កុលបុត្រ ​​ | ថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 104
កូនឈើត្រូវបានបណ្តុះបន្ទាប់ពីការដាក់ចេញផែនការបណ្ដុះដើមឈើកាលពីខែតុលា ឆ្នាំ២០២៣ ដើម្បីសម្រេចគោលសំដៅបង្កើនគម្របព្រៃឈើកម្ពុជា ឱ្យបាន ៦០ភាគរយ នៅឆ្នាំ២០៥០ កូនឈើត្រូវបានបណ្តុះបន្ទាប់ពីការដាក់ចេញផែនការបណ្ដុះដើមឈើកាលពីខែតុលា ឆ្នាំ២០២៣ ដើម្បីសម្រេចគោលសំដៅបង្កើនគម្របព្រៃឈើកម្ពុជា ឱ្យបាន ៦០ភាគរយ នៅឆ្នាំ២០៥០

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានឱ្យដឹងថា មកដល់ពេលនេះ កូនឈើដែលបានបណ្តុះនៅនឹងថ្នាលមានជាង ១លាន ៣សែនដើមហើយ បន្ទាប់ពីការអនុវត្តផែនការបណ្ដុះកូនឈើ កាលពីខែតុលា ឆ្នាំ២០២៣ សម្រាប់ចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងសហគមន៍ ដើម្បីបង្កើនភាពបៃតង សំដៅបង្កើនគម្របព្រៃឈើកម្ពុជា ឱ្យបានចំនួន ៦០ភាគរយ នៅឆ្នាំ២០៥០។

លោក អ៊ាង សុផល្លែត បានឱ្យដឹងដូចនេះ ក្រោយពេលចប់ពិធីពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពី «ប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ សម្រាប់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ដំបូងបំផុតនៅកម្ពុជា» រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន ភេសជ្ជៈ កូកាកូឡាកម្ពុជា នៅទីស្ដីការក្រសួងបរិស្ថាន។

ការចុះហត្ថលេខានេះ ដើម្បីទទួលយកក្នុងភាពជាដៃគូលើការជួយបំពាក់ប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យរបស់វិស័យឯកជនមួយនេះ សម្រាប់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់នៅខេត្តត្បូងឃ្មុំ ក្នុងទំហំផ្ទៃដី ៣ហិកតា ដែលអាចបណ្ដុះកូនឈើបាន ១លានដើម ក្នុងមួយឆ្នាំ។ ប្រព័ន្ធស្រោចស្រពដើរដោយថាមពលព្រះអាទិត្យនេះ អាចធានាអាយុកាលបានរហូតដល់ ២៥ឆ្នាំ។

លោករដ្ឋមន្ត្រី បានបន្តថា កូនឈើជាង១លាន ៣សែនដើមនេះ បាននឹងកំពុងនៅនឹងស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ចំនួន ៥កន្លែង នៅក្នុងខេត្តកំពង់ស្ពឺ កោះកុង សៀមរាប មណ្ឌលគិរី និងខេត្តត្បូងឃ្មុំ ដើម្បីទុកចែកជូនប្រជាពលរដ្ឋយកទៅដាំតាមគេហដ្ឋាន តាមសាលារៀន វត្តអារាម និងតាមសហគមន៍តំបន់ការពារធម្មជាតិ។ ស្ថានីយបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥ខេត្តនេះ មានផ្ទៃដីសរុបប្រហែល ៥៣ហិកតា ដោយមានសមត្ថភាពបណ្ដុះកូនឈើបានរហូត ១០លានដើម ក្នុងមួយឆ្នាំ ដោយមិនបូកបញ្ចូលកូនឈើដែលបានដាំដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋនោះទេ។ សម្រាប់កូនឈើដែលត្រូវចែកចាយដល់រាជធានីខេត្ត ដើម្បីដាំបន្ត នឹងត្រូវរក្សាក្នុងថ្នាលរហូតដល់មានអាយុ ៥ឆ្នាំសិន ទើបធ្វើការចែកចាយ។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានអំពាវនាវដល់ពលរដ្ឋឱ្យចូលរួមដាំដើមឈើជាមួយនឹងយុទ្ធនាការដាំដើមឈើ១លានដើមក្នុងមួយឆ្នាំ ដើម្បីសម្រេចគម្រោងគំរបព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០ នៅក្នុងប្រទេសកម្ពុជា។ ការចូលរួមដាំដើមឈើ ដើម្បីឱ្យប្រជាពលរដ្ឋចេះស្រឡាញ់បរិស្ថាន និងធម្មជាតិព័ណ៌បៃតង ពិសេសនោះសិស្សានុសិស្សតែម្តង។

ទន្ទឹមនោះ ក្រសួងបរិស្ថាន ក៏កំពុងដាក់ចេញនូវយុទ្ធសាស្ត្រមួយទៀត ដើម្បីឱ្យមានការចូលរួមដាំដើមឈើឱ្យបានច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ ដោយគ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងAPP ពីការចូលរួមដាំដើមឈើចុងខែមិថុនា ឆ្នាំ២០២៤។ APPនេះ នៅពេលប្រជាពលរដ្ឋ ឬសិស្សានុសិស្សដាំដើមឈើមួយដើម ហើយធ្វើការថតរួចដាក់បញ្ចូលទៅក្នុងAPP នោះវានឹងបង្ហាញឈ្មោះ ទីតាំង អាយុកាល ស្លាប់ ឬរស់ នៃដើមឈើដែលគាត់បានដាំនោះ។

បើតាមលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន APP នេះវាមានភាពងាយស្រួល អាចលេងដូចប្រព័ន្ធហ្វេសប៊ុកផងដែរ ហើយអាចឱ្យសិស្សានុសិស្សអាចធ្វើការប្រឡងប្រជែងក្នុងការដាំដើមឈើ រួចដាក់ចូលក្នុងAPPនោះ ដើម្បីប្រកួតប្រជែងគ្នា។ ការបង្កើតAPPនេះ ក៏ជាផ្នែកមួយក្នុងការជំរុញឱ្យមានការប្រកួតប្រជែងគ្នាក្នុងការដាំដើមឈើ ថែទាំដើមឈើក្នុងចំណោមប្រជាពលរដ្ឋដែលបានចូលរួមដាំដើមឈើផងដែរ៕

 

អត្ថបទទាក់ទង