ខ្មែរប៉ុស្ដិ៍ Close

ខេត្តកំពង់ចាម ចេញសេចក្ដីណែនាំ៥ចំណុច ទប់ស្កាត់បាតុភាពអសកម្មរបស់យុវជន និងសិស្សានុសិស្សគេចសាលា នៅក្នុងភូមិសាស្ត្ររបស់ខ្លួន

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 74

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្ដីណែនាំ៥ចំណុច ទប់ស្កាត់បាតុភាពអសកម្មរបស់យុវជន សិស្សានុសិស្សគេចសាលា ទៅប្រមូលផ្តុំគ្នាលេងទូរសព្ទ លេងហ្គេមតាមអ៊ីនធឺណិត ជក់បារី និងឈានទៅប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

យោងតាមសេចក្ដីណែនាំ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានសង្កេតឃើញថា មានសកម្មភាពអសកម្មរបស់សិស្សានុសិស្ស និងយុវជនមួយចំនួនតូច បានគេចសាលារៀន ទៅប្រមូលផ្តុំគ្នានៅតាម ម៉ាត កន្លែងលក់កាហ្វេ-ភេសជ្ជៈ, ក្លឹបហាត់ប្រាណ ក្លឹបបាល់ទះ ក្លឹបបាល់ទាត់, អាហារដ្ឋាន និងកន្លែងកំសាន្តនានា ដើម្បីប្រព្រឹត្តអំពើមិនគប្បីដូចជា៖ លេងទូរសព្ទ លេង ហ្គេមតាមអ៊ីនធឺណិត ជក់បារី បារីអេឡិចត្រូចនិច បង្កជម្លោះ បង្កបក្ខពួកក្មេងទំនើង និងឈានទៅលួច ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ថែមទៀតផង។

ដើម្បីទប់ស្កាត់បាតុភាពអសកម្មទាំងនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានដាក់ចេញសេចក្ដីណែនាំចំនួន៥ចំណុច៖

១- គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ ត្រូវចុះអប់រំផ្សព្វផ្សាយដល់ម្ចាស់ អាជីវកម្ម ម៉ាត កន្លែងលក់កាហ្វេភេសជ្ជៈ, ក្លឹបហាត់ប្រាណ ក្លឹបបាល់ទេះ ក្លឹបបាល់ទាត់, អាហារដ្ឋាន និងកន្លែងកំសាន្តនានា ដើម្បីទប់ស្កាត់ និងមិនត្រូវអនុញ្ញាតឱ្យសិស្សានុសិស្ស យុវជន ប្រមូលផ្តុំគ្នាលេងទូរសព្ទ លេងហ្គេមតាមអ៊ីនធឺណិត ជក់បារី បារីអេឡិចត្រូចនិច ជាដើម នៅគ្រប់ទីតាំងអាជីវកម្មរបស់ខ្លួន។

២- គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ ត្រូវចុះអប់រំផ្សព្វផ្សាយ គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជូនដល់សិស្សានុសិស្សគ្រប់សាលារៀន និងម្ចាស់អាជីវកម្ម ម៉ាត កន្លែងលក់កាហ្វេ អាហារដ្ឋាន និងកន្លែងកំសាន្តនានា ដើម្បីទប់ស្កាត់ បាតុភាពអសកម្មរបស់សិស្សានុសិស្សនៅតាមទីតាំងអាជីវកម្មនានា, លុបបំបាត់ក្មេងទំនើង, ល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀន និងបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន។

៣- គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ តាមច្បាប់ ចំពោះម្ចាស់អាជីវកម្មណាដែលមិនសហការ ឬបន្តលាក់បាំង ឬបង្កលក្ខណៈឱ្យបន្ត ការប្រព្រឹត្តសកម្មភាពអសកម្មរបស់សិស្សានុសិស្សនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន។

៤- នាយកគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ត្រូវបន្តធ្វើការងារជាមួយអាជ្ញាធរមូលដ្ឋាន អាណាព្យាបាល សិស្ស និងសហគមន៍ ក្នុងការចូលរួមទប់ស្កាត់អវត្តមានសិស្សានុសិស្សក្នុងម៉ោងសិក្សា និងត្រូវ បន្តពង្រឹងវត្តមានរបស់សិស្ស សំដៅចូលរួមលុបបំបាត់សកម្មភាពអសកម្មរបស់សិស្ស ក្នុងការ ប្រមូលផ្តុំលេងទូរសព្ទ លេងហ្គេមតាមអ៊ីនធឺណិត ជក់បារី បារីអេឡិចត្រូចនិច និងឈានទៅ លួចប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

៥- នាយកគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ត្រូវធ្វើការណែនាំសិស្សានុសិស្ស បញ្ចៀសការគេច ម៉ោងសិក្សា ទៅប្រមូលផ្តុំនៅតាមម៉ាត កន្លែងលក់កាហ្វេ អាហារដ្ឋាន និងកន្លែងកំសាន្តនានា លេងទូរសព្ទ លេងហ្គេមតាមអ៊ីនធឺណិត ជក់បារី បារីអេឡិចត្រូចនិច ជាដើមនៅគ្រប់ទីតាំង អាជីវកម្មរបស់ខ្លួន។

ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ក៏អំពាវនាវដល់ម្ចាស់អាជីវកម្ម ម៉ាត កន្លែងលក់កាហ្វេ-ភេសជ្ជៈ, ក្លឹបហាត់ប្រាណ ក្លឹបបាល់ទះ ក្លឹបបាល់ទាត់, អាហារដ្ឋាន និងកន្លែង កំសាន្តនានា ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ ផ្តល់ព័ត៌មានជាបន្ទាន់ ក្នុងករណីមានការប្រមូលផ្តុំសិស្សានុសិស្ស ឬយុវជន លេងទូរសព្ទ លេងហ្គេមតាមអ៊ីនធឺណិត ជក់បារី និង ប្រព្រឹត្តសកម្មភាពអសកម្មនានា នៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ច មានវិធានការ និងចំណាត់ការបានទាន់ពេលវេលា ក៏ដូចជាលុបបំបាត់បាតុភាពអសកម្មនានានៅគ្រប់មូលដ្ឋាន។

ក្នុងករណី ម្ចាស់អាជីវកម្មនានាមិនសហការ ហើយនៅបណ្តែតបណ្តោយឱ្យមានភាពអសកម្មនានា អាជ្ញាធរមានសមត្ថកិច្ច នឹងបិទអាជីវកម្មព្រមទាំងដាក់ទោសទណ្ឌតាមផ្លូវច្បាប់ជាធរមាន។ ជាមួយគ្នានេះ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ស្នើឱ្យអាណាព្យាបាលសិស្សានុសិស្ស បន្តសហការជាមួយអាជ្ញាធរ នាយកគ្រឹះស្ថានអប់រំទាំង រដ្ឋ និងឯកជន ដើម្បីទប់ស្កាត់សិស្សានុសិស្សគេចម៉ោងសិក្សា ទៅប្រព្រឹត្តអំពើដែលសង្គមស្អប់ខ្ពើម៕

អត្ថបទទាក់ទង