ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្ដីក្រសួងសុខាភិបាលកម្ពុជា អំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយបរិយាបន្នដើម្បីឆ្លើយតបបានទៅនឹងបញ្ហាប្រឈមសុខភាពជាសកល

ដោយ៖ សម កុលបុត្រ ​​ | ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 97
រដ្ឋមន្រ្ដីក្រសួងសុខាភិបាលកម្ពុជា អំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយបរិយាបន្នដើម្បីឆ្លើយតបបានទៅនឹងបញ្ហាប្រឈមសុខភាពជាសកលរដ្ឋមន្រ្ដីក្រសួងសុខាភិបាលកម្ពុជា អំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយបរិយាបន្នដើម្បីឆ្លើយតបបានទៅនឹងបញ្ហាប្រឈមសុខភាពជាសកល
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងអង្គការសុខភាពពិភពលោក សូមឱ្យពង្រឹងកិច្ចសហប្រតិបត្តិការ អន្តរជាតិ ប្រកបដោយបរិយាបន្ន សាមគ្គីភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបបានទៅនឹងបញ្ហាប្រឈមសុខភាពជាសកល។ ការអំពាវនាវរបស់ ឯកឧត្តម ឈាង រ៉ា ធ្វើឡើងនៅក្នុងកំឡុងពេលចូលរួមក្នុងសម័យប្រជុំពេញអង្គនៃមហាសន្និបាតសុខភាពពិភពលោកលើកទី៧៧នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។
 
ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តម ឈាង រ៉ា បានសំដែងនូវអំណរគុណដល់អង្គការសុខភាពពិភពលោក និងគ្រប់ដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបាននិងកំពុងចូលរួមគាំទ្រដល់វិស័យសុខាភិបាលកម្ពុជារហូតសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍នាពេលកន្លងមក។ ចំពោះមុខទំហំនៃកិច្ចការរួមជាពិសេសរបៀបវារៈនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព កម្ពុជាសូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយបរិយាបន្ន សាមគ្គីភាព និងប្រសិទ្ធភាពខ្ពស់ដើម្បីឆ្លើយតបបានទៅនឹងបញ្ហាប្រឈមសុខភាពជាសកល។
 
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការដែលយើងធ្វើសាកលភាវូបនីយកម្មពាណិជ្ជកម្មជា ការចាំបាច់ បន្ថែមពីនោះសាកលភាវូបនីយកម្មសុខាភិបាលរិតតែមានសារៈសំខាន់ ព្រោះថាការចែករំលែកព័ត៌មាន ទិន្នន័យ ចំណេះដឹង ផ្នែកសុខភាព ព្រមទាំងធនធាន យុទ្ធវិធីក្នុងដំណោះស្រាយបញ្ហាសុខភាព និងការព្យាបាលជាពិសេសនវានុវត្តន៍ផ្នែកសុខភាពប្រកបដោយសមធម៌ គឺជាកត្តាកំណត់ប្រសិទ្ធភាពខ្ពស់ក្នុងកាសម្រេចបានជោគជ័យរួមជាសាកល។
 
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសាមគ្គីភាព លើភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងកិច្ចខិតខំជួយពង្រឹងសន្តិសុខ និងស្វ័យភាពសុខភាពនៃរដ្ឋជាសមាជិក។ ដូច្នេះការចូលរួមនៃរដ្ឋសមាជិកក្នុង កិច្ចការខិតខំប្រឹងប្រែងរួមគ្នា កសាងពិភពលោកមួយ ប្រកបដោយសមធម៌ មានសមត្ថភាពប្រឈមមុខនឹងហានិភ័យសុខភាព រួមគ្នាផ្លាស់ប្តូរទំនាក់ទំនងសេដ្ឋកិច្ចសកលឈានទៅគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីសុខភាពពិភពលោក ការពង្រឹងនិងពង្រីកការយល់ដឹងពីទ្រព្យសាធារណៈសកលផ្នែកសុខភាព ជាពិសេសថ្នាំបង្ការក្នុង ស្ថានភាពអាសន្ននៃជំងឺរាតត្បាត ដើម្បីស្តារឡើងវិញនូវសមភាពចំពោះមុខការប្រឈមនឹងជំងឺ និងការពង្រឹងក្របខ័ណ្ឌនិយ័តកម្មសកលរឹងមាំជាងមុនប្រកបដោយភាពធន គឺជាកត្តាគន្លឹះដែលនាំឱ្យសម្រេចបានគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព៕