ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលជលផល ប្រកាសថ្ងៃបិទរដូវនេសាទឆ្នាំ២០២៤

ដោយ៖សម កុលបុត្រ | ថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 169

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ បានជូនដំណឹងពីរដូវនៃការបិទនេសាទក្នុងដែននេសាទទឹកសាប ឆ្នាំ២០២៤។

យោងតាមសេចក្ដីជូនដំណឹងនេះ រដ្ឋបាលជលផលបានឱ្យដឹងថា ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុម្មុខ និងបិទដែននេសាទទឹកសាប ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា។

ដោយឡែកសម្រាប់ ខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុម្មុខ និងបិទដែននេសាទ ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា។

រដ្ឋបាលជលផល បានរំលឹកផងដែរថា នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ ត្រូវប្រើតែឧបករណ៍នេសាទគ្រួសារ ដែលមានចែង ក្នុងប្រកាសលេខ៤៥៨ ប្រក.កសក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ ប៉ុណ្ណោះ ដើម្បីថែរក្សាការពារធនធានជលផលឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕

អត្ថបទទាក់ទង