ខ្មែរប៉ុស្ដិ៍ Close

គម្រោង «ជំនាញសម្រាប់ទទួលបានការងារកាន់តែប្រសើរ» នឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋកម្ពុជា ប្រមាណ៣៣ ០០០នាក់

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 78

ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានអនុម័តឥណទានតម្លៃ៤០លានដុល្លារអាមេរិក សម្រាប់គម្រោងមួយ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋកម្ពុជា ប្រមាណ៣៣ ០០០នាក់ តាមរយៈការកែលម្អការបណ្តុះបណ្តាលជំនាញ និងសេវាកម្មទីផ្សារការងារ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក ដែលផ្សាយចេញនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់ធនាគារពិភពលោក (IDA)នេះ សំដៅលើកកម្ពស់គុណភាព និងជំនាញពាក់ព័ន្ធការងារនៅក្នុងចំណោមកម្លាំងពលកម្មរបស់ប្រទេស និងជួយបង្កើនលក្ខណៈសម្បត្តិទទួលបានការងារ និងរកប្រាក់ចំណូលបានរបស់កម្មករ។ ឥណទាននេះ នឹងជួយទ្រទ្រង់ដល់គម្រោង «ជំនាញសម្រាប់ទទួលបានការងារកាន់តែប្រសើរ» (Skills for Better Jobs) ដែលធ្វើការពង្រឹងការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, កែលម្អការណែនាំអំពីអាជីព និងការជួយរកការងារធ្វើ, និងធ្វើការពាក់ព័ន្ធជាមួយនិយោជក ឲ្យបានកាន់តែប្រសើរនៅក្នុងការរៀបចំបង្កើតកម្មវិធីបណ្តុះបណ្តាល។

សេចក្ដីប្រកាសព័ត៌មានដដែលនេះ បញ្ជាក់ថា សេដ្ឋកិច្ច និងការងាររបស់កម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយសារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការបើកចំហពាណិជ្ជកម្ម និងភាពអនុគ្រោះសម្រាប់ចូលទីផ្សារលោកខាងលិច ដែលបានជួយប្រទេសនេះក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីក្រៅ។ ទោះជាយ៉ាងណាក៏ដោយ គុណភាពនៃការងារនៅតែមានកម្រិតទាប ក្នុងនោះ ៩៨%នៃការងារនៅក្នុងប្រទេសសុទ្ធតែជាការងារមានជំនាញទាប ហើយក្នុងនោះទៀត មួយផ្នែកធំគឺជាការងារក្រៅប្រព័ន្ធផ្លូវការ។

ធនាគារពិភពលោក បញ្ជាក់ថា រយៈពេលប្រាំឆ្នាំនៃគម្រោង «ជំនាញសម្រាប់ទទួលបានការងារកាន់តែប្រសើរ» នេះ ត្រូវបានរៀបចំឡើងដើម្បីជួយកម្ពុជា ធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួននៅតាមវិស័យនានា ដែលទាមទារឲ្យមានជំនាញកម្រិតមធ្យមថែមទៀត។ គម្រោងនេះ នឹងអនុវត្តដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍ជំនាញ៕

 

អត្ថបទទាក់ទង