រដ្ឋបាលខេត្តបន្ទាយមានជ័យ ច្រានចោលព័ត៌មានមិនពិតរបស់សារព័ត៌មាន 24h New និងស្នើឱ្យសារព័ត៌មាននេះទទួលខុសត្រូវចំពោះការផ្សាយរបស់ខ្លួន
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ច្រានចោលទាំងស្រុងរបស់សារព័ត៌មាន 24h New ប្រឌិតរឿង ផ្សាយព័ត៌មានមិនពិត ធ្វើឱ្យប៉ះពាល់កិត្តិយសរបស់ រដ្ឋបាលខេត្ត អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ និងស្នើឱ្យសារព័ត៌មាននេះទទួលខុសត្រូវចំពោះការផ្សាយរបស់ខ្លួន។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្ដបន្ទាយមានជ័យ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ គេហទំព័រហ្វេសប៊ុក សារព័ត៌មាន 24h New បានចុះផ្សាយចោទប្រកាន់ថា មានការលក់ដីស្រះរបស់រដ្ឋជិត៣០.០០០ម៉ែត្រការ៉េ នៅក្នុងក្រុងប៉ោយប៉ែត ក្នុងទំហំទឹកប្រាក់ជិត៦លានដុល្លារ ហើយយកលុយនោះចែកគ្នា។
ជុំវិញការផ្សាយព័ត៌មានប្រឌិត គ្មានវិជ្ជាជីវៈនេះ រដ្ឋបាលខេត្ដបន្ទាយមានជ័យ បានបំភ្លឺថា កន្លងមកទីតាំងដីស្រះខាងលើនេះ ត្រូវបានឈ្មោះ ផាន់ សាមន្ថា ដាក់ពាក្យស្នើសុំអន្តរាគមន៍មក រដ្ឋបាលខេត្តបន្ទាយមានជ័យ តាមលិខិតចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ដោយស្នើសុំឱ្យជួយពន្លឿនការផ្តល់កម្មសិទ្ធិស្របច្បាប់លើដីទំហំ១៦០.០០០ម២ មានទីតាំងដីស្ថិតនៅភូមិគីឡូត៍លេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីទទួលបានពាក្យស្នើសុំខាងលើនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចាត់ក្រុមការងារចម្រុះថ្នាក់ខេត្ត ចុះធ្វើការស្រាវជ្រាវ និងបានធ្វើអត្តសញ្ញាណកម្មដី សម្រង់ឈ្មោះប្រជាពលរដ្ឋពាក់ព័ន្ធឃើញថា ទីតាំងដីស្រះមានទំហំ៣០.២០២ម២ ប្រជាពលរដ្ឋរស់នៅជុំវិញស្រះដែលបានចូលរួមសម្រង់ឈ្មោះជាមួយក្រុមការងារមានចំនួន១៦គ្រួសារ និងមួយចំនួនតូចមិនបានចូលរួម។
រដ្ឋបាលខេត្ដបន្ទាយមានជ័យ បានបញ្ជាក់បន្តទៀតថា ការចុះផ្ទៀងផ្ទាត់ដីខាងលើនេះ មិនអនុវត្តន៍បានទាំងស្រុងដូចការស្នើសុំរបស់ឈ្មោះ ផាន់ សាមន្ថា នោះទេ ដោយសារទីតាំងដីមួយចំនួនធំនៅទីនោះមានប័ណ្ណកម្មសិទ្ធិជាច្រើន លើកលែងតែដីស្រះតែប៉ុណ្ណោះ។ ក្រោយពីធ្វើការស្រាវឃើញលទ្ធផលខាងលើនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ពុំបានផ្តល់សិទ្ធិ ឬទទួលស្គាល់ការកាន់ដីស្រះជារបស់ឈ្មោះ ផាន់ សាមន្ថា នោះទេ រហូតមកដល់ពេលនេះ ហើយទីតាំងដីស្រះ នេះក៏មិនទាន់បានចុះបញ្ជីឱ្យភាគីណាមួយឡើយ។
តាមសេចក្ដីបំភ្លឺខាងលើ រដ្ឋបាលខេត្ដបន្ទាយមានជ័យ ធ្វើការបដិសេធចោលទាំងស្រុង ចំពោះការផ្សាយរបស់ព័ត៌មាន 24h New ដោយរដ្ឋបាលខេត្ដមិនបានពាក់ព័ន្ធ ឬដឹងរឿងនោះទេ។
ទន្ទឹមនឹងការចុះផ្សាយមិនពិតនេះ រដ្ឋបាលខេត្ដបន្ទាយមានជ័យ ស្នើឱ្យ សារព័ត៌មាន 24h New ត្រូវទទួលខុសត្រូវលើការចុះផ្សាយរបស់ខ្លួន ពីព្រោះធ្វើឱ្យប៉ះពាល់កិត្តិយសរបស់ រដ្ឋបាលខេត្ត អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ។ ចំពោះករណីនេះដែរ រដ្ឋបាលខេត្ត នឹងសាហការជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត សង្កាត់ផ្សារកណ្តាល និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ បាននិងកំពុងស្រាវជ្រាវ និងមានវិធានការទប់ស្កាត់ផងដែរ៕




