នៅព្រឹកថ្ងៃទី១៧ឧសភាស្អែកនេះ នឹងមានការប្រារព្ធមីទ្ទីងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ នីតិកាលទី៤
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំធ្វើមីទ្ទីងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ នីតិកាលទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៦:០០នាទី ដោយធ្វើការជួបជុំនៅទីស្នាក់ការមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ស្ថិតនៅដីឡូត៏លេខ២៧៧០ លើផ្លូវម៉ៃដា (លេខ២០០៤) ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានអ្នកចូលរួមចំនួន ១០.០០០នាក់ មកពីតាមបណ្តាខណ្ឌនានាក្នុងរាជធានីភ្នំពេញ។ បន្ទាប់មកធ្វើការដង្ហែក្បួនចេញពីទីតាំងជួបជុំទៅតាមផ្លូវសំខាន់ៗក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
នៅក្នុងសេចក្តីជូនដំណឹងនោះដែរ បានឱ្យដឹងថា ក្នុងអំឡុងពេលនៃការជួបជុំធ្វើមីទ្ទីងបើកយុទ្ធនាការឃោសនានៅទីតាំងខាងលើនេះ អាចមានចរាចរមមាញឹកខ្លាំងដោយសារមធ្យោបាយធ្វើដំណើររបស់សមាជិក-សមាជិកាគណបក្សដែលអញ្ជើញចូលរួម ដូចនេះសូមបងប្អូនប្រជាពលរដ្ឋដែលពុំមានការងារចាំបាច់ ពុំគួរធ្វើដំណើរឆ្លងកាត់តំបន់ប្រារព្ធពិធីឡើយ ចៀសវាងការកកស្ទះចរាចរណ៍កើតឡើង។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធមីទ្ទីង និងតាមដងផ្លូវហែក្បួនបើមិនមានការចាំបាច់ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍៕




