ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្ដរតនគិរី ច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយមួលបង្កាច់ខុសពីការពិត និងស្នើសុំឱ្យ The Cambodia Daily Khmer ធ្វើការកែតម្រូវ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 47

រដ្ឋបាលខេត្ដរតនគិរី នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្ដីបំភ្លឺព័ត៌មានជុំវិញ ការផ្សាយព័ត៌មានមិនពិត ប្រឌិតភូតភររបស់កាសែតបម្រើនយោបាយក្រៅប្រទេស The Cambodia Daily Khmer ចោទប្រកាន់ អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងលោកជំទាវ ជាភរិយា ថាបាននិងកំពុងប្រព្រឹត្តអំពើល្មើសច្បាប់ និងអំពើពុករលួយជាដើម។

ជុំវិញការផ្សាយព័ត៌មានមិនពិតនេះ រដ្ឋបាលខេត្ដរតនគិរី បានចេញសេចក្ដីបំភ្លឺថា ចំពោះករណីការតម្លើងស័ក្ត និងតួនាទីរបស់មន្ត្រីរាជការស៊ីវិល គឺរដ្ឋបាលខេត្តបានអនុវត្តតាមខ្លឹមសារ ស្មារតី នៃគោលការណ៍ណែនាំ និងលិខិតបទដ្ឋានគតិយុត្តិរបស់ក្រសួងមុខងារសាធារណៈ ដោយមានកិច្ចប្រជុំ តាមដំណាក់កាលនៃអង្គភាពពាក់ព័ន្ធ ឆ្លងកិច្ចប្រជុំគណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្តបានយ៉ាងជាក់លាក់ច្បាស់លាស់បំផុត។

ដោយឡែកចំពោះករណីបទល្មើសនានា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត គឺគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ដោយដាក់ចេញនូវវិធានការបង្កើតក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើស នានាតាមរយៈសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាបានជាច្រើនករណី គួរជាទីមោទនៈ រួមមាន៖ បទល្មើសធនធានធម្មជាតិ បទល្មើសការជួញដូរ និង ចែកចាយគ្រឿងញៀនជាដើម។

ជុំវិញការផ្សាយព័ត៌មានមិនពិតនេះ អ្នកនាំពាក្យរដ្ឋបាលខេត្ត សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុង នូវខ្លឹមសារព័ត៌មានដែលបានផ្សព្វផ្សាយដែលមានចេតនាមួលបង្កាច់ខុសពីការពិត មិនមានមូលដ្ឋានច្បាស់លាស់ដែលធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់អភិបាលខេត្ត និងមន្ត្រីរាជការសាលាខេត្តផ្ទាល់ ជាងនេះទៅទៀត ព័ត៌មានរបស់ The Cambodia Daily Khmer បានចុះផ្សាយនោះ មានបំណងចង់កេងចំណេញផ្នែកនយោបាយ និងបង្កប់នូវការញុះញង់បំពុលសង្គម ព្រមទាំងធ្វើឱ្យមាន ការប្រេះឆា បាក់បែកសាមគ្គីភាព ឯកភាពផ្ទៃក្នុង រវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ។

ទន្ទឹមនឹងនោះ អ្នកនាំពាក្យរដ្ឋបាលខេត្ត ស្នើសុំឱ្យ The Cambodia Daily Khmer ធ្វើការកែតម្រូវខ្លឹមសារដែលបានផ្សព្វផ្សាយរបស់ខ្លួនឡើងវិញ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈជាអ្នកសារព័ត៌មានពិតប្រាកដ សុក្រិត្យ ថ្លៃថ្នូរ អាចជឿទុកចិត្តបានពីសំណាក់សាធារណជនទូទៅ៕