ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-ចិនចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនដើម្បីពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើន

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 52

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៧ ដែលដឹកនាំដោយឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានព្រមព្រៀងគ្នាចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងល្អប្រសើរដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ឯកសារសំខាន់ៗដែលបានចុះហត្ថលេខានៅក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នោះ រួមមាន៖
១- ពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២។
២- វិញ្ញាបនបត្រប្រគល់-ទទួលនៃគម្រោងផែនការមេអភិវឌ្ឍន៍កសិកម្មកម្ពុជា។
៣- ពិធីសារទាក់ទងនឹងការធ្វើចត្តាឡីស័ក និងលក្ខខណ្ឌតម្រូវអនាម័យសម្រាប់ផលិតផលចំណីឆ្កែពាក់កណ្តាលសម្រេច ធ្វើពីស្បែកគោ សម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។

នាឱកាសនោះផងដែរ ក៏មានពិធីសម្ពោធជាផ្លូវការនៃសៀវភៅកំណត់ហេតុរបស់នគរចេនឡាអំពីទឹកដី ប្រពៃណី និងទំនៀមទម្លាប់ ប្រែសម្រួលជាភាសាខ្មែរ និងពិធីអបអរនៃការនាំចេញដូងស្រស់របស់ប្រទេសកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិនផងដែរ៕