ខ្មែរប៉ុស្ដិ៍ Close

ភូមិខ្មែរនៅប្រទេសជប៉ុន អាចនឹងបើកដំណើរការនៅខែមិថុនាខាងមុខនេះ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 58

នាថ្ងៃចន្ទទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យគណៈប្រតិភូរបស់ជប៉ុន លោក តាកិស៊ិ អុខាមិ នាយកគ្រប់គ្រងក្រុមហ៊ុនកុជីម៉ា (KOJIMA HOLDINGS) ចូលជួបសំដែងការគួរសមដើម្បីរាយការណ៍ពីវឌ្ឍនភាពនៃដំណើរការរៀបចំភូមិខ្មែរនៅប្រទេសជប៉ុន។

នាឱកាសនោះផងដែរ គណៈប្រតិភូជប៉ុនបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីដំណើរការរៀបចំ និងការតុបតែងភូមិកសិដ្ឋានឱ្យមានសោភ័ណភាពជាខ្មែរ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវបរទេស ភ្ញៀវជប៉ុន ក៏ដូចជាពលរដ្ឋខ្មែរដែលកំពុងធ្វើការស្នាក់នៅ និងរៀនសូត្រនៅប្រទេសជប៉ុន។

ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណវិស័យឯកជនជប៉ុន ដែលបានចាប់អារម្មណ៍បង្កើតភូមិខ្មែរនៅក្នុងក្រុងអ៊ីសេហារ៉ា (Isehara) ខេត្តណាហ្គាវ៉ា (Kanagawa) ដើម្បីបង្ហាញពីសម្ភារៈខ្មែរ ហាងម្ហូបខ្មែរ ហាងកាហ្វេ និងការដាំដំណាំរបស់ខ្មែរផងដែរ។

សូមជម្រាបជូនថា ភូមិខ្មែរ នៅប្រទេសជប៉ុន នឹងអាចបើកឱ្យដំណើរការនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ៕