ខ្មែរប៉ុស្ដិ៍ Close

ក្រសួងធនធានទឹកចុះអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករនៅតាមតំបន់រងគ្រោះមួយចំនួនក្នុងខេត្តព្រៃវែង

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 84

ចាប់ពីចុងខែមីនា ដល់ខែមេសា ឆ្នាំ២០២៤ នេះ ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរដែនដីពាក់ព័ន្ធទាំងអស់បានចុះធ្វើអន្តរាគមន៍សង្គ្រោះស្រូវប្រាំងដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័ត និងប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ដើម្បីបូមទឹកនិងកាយប្រឡាយនាំទឹកទៅសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ ដែលបាននិងកំពុងជួបប្រទះបញ្ហាខ្វះទឹកខ្លាំងនៅតាមតំបន់រងគ្រោះមួយចំនួន ដោយក្នុងនោះ÷

១. ចាប់ផ្ដើមពីថ្ងៃទី១-១៨ ខែមេសា ឆ្នាំ២០២៤៖ ក្រសួងបានចុះជួយអន្តរាគមន៍បូមទឹកនៅចំណុចព្រែកតាតាំ សង្កាត់កំពង់លាវ និងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ដែលកិច្ចការងារអន្តរាគមន៍បូមទឹកនេះ បានប្រើប្រាស់នូវម៉ាស៊ីនបូមទឹកចល័តសរុបចំនួន៦គ្រឿង និងបូមឆ្លាស់គ្នាដោយយកទឹកពីព្រែកតាតាំដើម្បីបញ្ជូនទឹកទៅសង្រ្គោះផ្ទៃដីស្រូវបងប្អូនប្រជាកសិករប្រមាណ៨០០ហិកតា ស្ថិតនៅក្នុងភូមិចំនួន៥ គឺ ភូមិជើងទឹក(ក) ជើងទឹក(ខ) កំពង់អាទង់ ស្វាយសុខោ និងភូមិឯករាម ក្នុងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយទទួលបានជោគជ័យ១០០%។

២. ចាប់ផ្ដើមពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤៖ ក្រសួងបានធ្វើការងារស្ដារប្រឡាយស្ពានលេខ២ ប្រវែង៣.០០០ម៉ែត្រ ដើម្បីទាញយកទឹកពីអាងទឹកស្នេហ៍សម្រាប់ជួយសង្រ្គោះស្រូវប្រាំងចំនួន៤៤៧ហិកតា ស្ថិតនៅក្នុងភូមិបារាយណ៍លិច សង្កាត់បារាយណ៍ក្រុងព្រៃវែង ដោយសម្រេចបាននូវលទ្ធផល ១០០%៕