ខ្មែរប៉ុស្ដិ៍ Close

រូបសំណាកសេះសមុទ្របាញ់ទឹកក្នុងខេត្តកំពត កំពុងបង្អួតសម្រស់ និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកកម្សាន្តកាន់តែច្រើន

ដោយ៖សុវណ្ណ បុត្រា | ថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 338

ខេត្តកំពតកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរថែមមួយកំរិតទៀត ក្រោយរូបសំណាកសេះសមុទ្របាញ់ទឹកនៅសួនច្បារមុខសាលាខេត្តចាស់បានសាងសង់រួចរាល់ ដែលរូបសំណាកសេះសមុទ្រនេះមានកម្ពស់ ៨ម៉ែត្រ មានបាញ់ទឹកចេញពីមាត់អមដោយការតុបតែងលម្អភ្លើងពណ៌។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបានមកលេងកម្សាន្ត និងថតរូបអនុស្សាវរីយ៍ជាមួយនឹងសេះសមុទ្រ (ត្រីសេះសមុទ្រ)។

ក្នុងដំណើរចុះពិនិត្យរូបសេះសុទ្រ ដែលនឹងដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា ខេត្តកំពតគឺជាខេត្តប៉ូលទេសចរណ៍មួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្ត ដែលខេត្តនេះសំបូរទៅដោយធនធានធម្មជាតិជាច្រើនដែលបម្រើឱ្យវិស័យទេសចណ៍ ដូច្នេះក្នុងនាមអាជ្ញាធរខេត្តត្រូវតែមានការកែច្នៃ កែលម្អ តំបន់ដែលមានធនធានធម្មជាតិ និងមានសក្តានុពលទេសចរណ៍ទាំងនោះឱ្យដំណើរការ ក្នុងន័យជួយជំរុញដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត ព្រោះពេលណាដែលមានទេសចរមកលេងកម្សាន្តច្រើន នោះពលរដ្ឋនឹងទទួលបានចំណូលពីវិស័យទេសចរណ៍ក៏ច្រើន។

ឯកឧត្តមអភិបាលខេត្តកំពតបានបន្ថែមថា បច្ចុប្បន្ននេះក្រោមម្លប់សុខសន្តិភាព និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានជំរុញឱ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត នៅទូទាំងប្រទេសយកចិត្តទុកដាក់ក្នុងការបង្កើតកន្លែងកម្សាន្តថ្មីៗ អភិវឌ្ឍន៍តំបន់ទេសចរណ៍នៅក្នុងខេត្តឱ្យមានភាពទាក់ទាញ ក្នុងន័យបង្កើនចំណូលដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងតំបន់ទេសចរណ៍។

រូបសំណាកសេះសមុទ្រ ត្រូវបានអាជ្ញាធរខេត្តកំពតរៀបចំសាងសង់ឡើងក្នុងន័យដើម្បីបង្កើនសោភ័ណភាពក្នុងក្រុងកំពត ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកលេងកម្សាន្តកាន់តែច្រើនក្នុងខេត្ត ពិសេសក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។ ការសាងសង់រូបសំណាកនេះឡើងដោយសារខេត្តកំពត គឺជាខេត្តមួយដែលជាប់តំបន់សមុទ្រ ហើយសេះសមុទ្រក៏ជាប្រភេទសត្វក្នុងទឹកសមុទ្រមួយប្រភេទផងដែរ ដែលប្រជានេសាទខ្លះហៅថាត្រីសេះ។ ចំពោះរូបសំណាក សេះសមុទ្រ នេះ គឺត្រូវបានធ្វើឡើងទៅតាមរូបរាង ត្រីសេះសមុទ្រពិតប្រាកដ ហើយការរៀបចំឱ្យរូប សេះសមុទ្រនេះ មានបាញ់ទឹកតាមមាត់ ព្រោះសេះសមុទ្រជាធម្មតា តាមធម្មជាតិរបស់វាត្រូវតែព្រោះទឹកចេញពីមាត់។

សូមបញ្ជាក់ថា នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ អាជ្ញាធរខេត្តកំពតបានបង្ហាញសមិទ្ធផលថ្មីៗចំនួនពីរទីតាំងដើម្បីឱ្យភ្ញៀវទេសចរចូលលេងកម្សាន្ត ដែលទីតាំង ទី១ គឺសួនរូបសេះមុខសាលាខេត្តចាស់ដែលកំពុងមានការចាប់អារម្មណ៍ច្រើន ទីតាំងទី២ គឺឆ្នេរខ្សាច់កម្សាន្តចន្លោះពីស្ពានឥន្ទធនូ (ស្ពានចាស់) រហូតដល់ស្ពានថ្មថ្មី ដែលមានប្រវែងប្រមាណជាង ៦រយម៉ែត្រ ដែលទីតាំងទាំងពីរនេះអាចឱ្យភ្ញៀវទេសចរស្រូបយកខ្យល់អាកាសបរិសុទ្ធ មើលថ្ងៃលិច ពិសេសឆ្នេរខ្សាច់កម្សាន្តអាចងូតទឹកកម្សាន្តផងដែរ។

ជាមួយគ្នានេះដែរ ការរៀបចំតុបតែងលម្អភ្លើងពណ៌លម្អតាមដងផ្លូវ និងសួនច្បារសំខាន់ៗក្នុងក្រុងកំពតត្រូវបានអាជ្ញាធរខេត្តរៀបចំរួចរាល់សម្រាប់ទទួលភ្ញៀវទេសចរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខាងមុខ ហើយចំណតទូកទេសចរណ៍ក៏បានរៀបចំរួចរាល់ផងដែរសម្រាប់ជិះលេងកម្សាន្តតាមដងព្រែកកំពង់បាយ ដើម្បីទស្សនាអំពិលអំពែក និងភ្លើងពណ៌ក្រុងកំពត៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត

អត្ថបទទាក់ទង