ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 22

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រារព្វធ្វើនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសា ធារណការ និងដឹកជញ្ជូន បានជម្រាបជូននៅរបាយការណ៍សង្ខេបអំពីលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួចមក ថ្លែងបិទសន្និបាត ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍គូសបញ្ជាក់ថា សន្និបាតនេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានសារៈសំខាន់ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យមើលឡើងវិញនូវលទ្ធផលការងារដែលក្រសួងសម្រេចបាននៅបណ្ដាឆ្នាំមុនៗ និងស្វែងយល់ឱ្យកាន់តែច្បាស់ក្នុងការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារនៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន សំដៅជំរុញអភិវឌ្ឍវិស័យនេះឱ្យឆ្លើយតបបានកាន់តែប្រសើរប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាទៅនឹងការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ចទាំងនៅក្នុងប្រទេសកម្ពុជានៅក្នុងតំបន់ និងសកលលោក។

នៅក្នុងឱកាស នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វិស័យសាធារ ណការ និងដឹកជញ្ជូន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច តាមរយៈការតភ្ជាប់ប្រទាក់ក្រឡានិងសមាហរណកម្មផ្ទៃក្នុងនិងតំបន់ ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងការរីកចម្រើននៃប្រព័ន្ធឡូជីស្ទីក ហើយនៅក្នុងអាណត្តិទី៧នេះ វិស័យសាធារណការ និងដឹកជញ្ជូន ក៏នៅតែជាអាទិភាពសំខាន់ ដែលបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ក្នុងរយៈពេលប្រមាណ ២៥ឆ្នាំ ចុងក្រោយនេះ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពពេញផ្ទៃប្រទេស ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បាននាំមកជូនប្រទេសជាតិ និងប្រជាជនតាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជាបន្តសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបានផ្លាស់ប្ដូរមុខមាត់គួរជាទីមោទនៈ តាមរយៈការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិជាច្រើនកន្លងមក។

ជាមួយនឹងមូលដ្ឋានសង្គម-សេដ្ឋកិច្ចដ៏រឹងមាំ ប្រកបដោយចីរភាព បរិយាបន្ន សមធម៌ និងធន់នឹងវិបត្តិផ្សេងៗ សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ ស្មានថា អាចសម្រេចបានកំណើនក្នុងរង្វង់ប្រមាណជាង ៥% ក្នុងឆ្នាំ២០២៣ និងត្រូវបានព្យាករណ៍ថានឹងបន្តកើនឡើង ក្នុងរង្វង់ប្រមាណ ៦% នៅឆ្នាំ២០២៤ បន្ទាប់ពីទទួលរងនូវការបង្អាក់ ដោយវិបត្តិជាសកលនៃជំងឺកូវីដ-១៩ និងទោះបីជាកម្ពុជាត្រូវបន្តជួបប្រឈមនឹងសភាពការណ៍សកល ដែលមានភាពមិន ប្រាកដប្រជាខ្ពស់ក៏ដោយ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្តថា សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម និងពោរពេញដោយសមត្ថភាព ចំណេះដឹង និងថាមពល បាននិងកំពុងបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកវឌ្ឍនភាព និងបង្កើតសមិទ្ធផលថ្មីៗបន្ថែម តាមគោលការណ៍ “រក្សាចាស់ ពង្រីកថ្មី” ដោយពង្រឹងការអនុវត្តប្រកបដោយប្រសិទ្ធភាព និងពង្រីកវិសាលភាពនៃការអនុវត្ត តាមរយៈការដាក់ចេញបន្ថែមនូវយុទ្ធសាស្ត្រ គោលនយោបាយ និងកម្មវិធីសំខាន់ៗ ដើម្បីឆ្លើយតបទៅនឹងស្ថានភាព និងនិន្នាការថ្មីក្នុងសកលលោក តំបន់ និងក្នុងប្រទេស ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេល និងចំគោលដៅ សម្រាប់ស្ដារ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

នៅក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា វិស័យសាធារណការ និងដឹកជញ្ជូន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាមួយនឹងការទទួលបាននូវសមិទ្ធផល និងវឌ្ឍនភាពរីក ចម្រើនជាច្រើនយ៉ាងនេះក្ដី ការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូន ក៏មិនមែនត្រូវបញ្ឈប់ត្រឹមនេះដែរ ទៅមុខបន្តទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា ឯកឧត្ដមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា នឹងបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើនទៀត ហើយខ្ញុំក៏នៅតែបន្តចូលរួមជាមួយ ឯកឧត្ដមរដ្ឋមន្ត្រី ដើម្បីជំរុញសម្រេចឱ្យបាននូវគម្រោងអាទិភាពធំៗ និងសំខាន់ៗ ជូនរាជរដ្ឋាភិបាល ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូនជាសេនាធិការក្នុងការត្រៀមអនុវត្តគម្រោងទាំងអស់នោះ រួមមានដូចជា៖

គម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ”, គម្រោងផ្លូវល្បឿន លឿនភ្នំពេញ-សៀមរាប-ក្រុងប៉ោយប៉ែត, គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ, គម្រោងផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅក្រុងសៀមរាប, គម្រោងលើកកម្រិតផ្លូវរថភ្លើងដែលមានស្រាប់ភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) និងភាគខាងត្បូង (ភ្នំពេញ-ក្រុងព្រះសីហនុ) ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន, គម្រោងផ្លូវរថភ្លើងល្បឿនលឿនថ្មី (ប៉ោយប៉ែត-សៀមរាប-ភ្នំពេញ-បាវិត) និងគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី២ និងជំហានទី៣ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តល់នៅអនុ សាសន៍គន្លឹះចំនួន១២ចំណុច ដើម្បីតម្រង់ទិស និងធានាដល់ការសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ នៅចុងបញ្ចប់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តការងារនាពេលកន្លងមក។

គួរបញ្ជាក់ថា វិស័យសាធារណការ និងដឹកជញ្ជូន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថាមានការរីក ចម្រើនជឿនលឿនគួរឱ្យកត់សម្គាល់ ហើយតាមរយៈសមិទ្ធ ផលធំៗដែលយើងបានដឹងបានឮទាំងអស់គ្នា គឺរួមមាន ផ្លូវ ល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា(ភ្នំពេញ-ក្រុងព្រះសីហនុ) និងកំពុងសាងសង់ផ្លូវល្បឿនលឿនទី២ (ភ្នំពេញ-ក្រុងបាវិត), ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ និងចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប, ផ្លូវក្រវាត់ក្រុងទី២ និងទី៣, ផ្លូវជាតិ និងផ្លូវខេត្ត ដែលបានស្តារក្រាលកៅស៊ូ និងបេតុងមានចំនួនប្រមាណជាង ១ម៉ឺនគីឡូម៉ែត្រ, ស្ពានធំៗឆ្លងកាត់ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងស្ពានអាកាសនៅក្នុងរាជធានីភ្នំពេញ, ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់ ទីលានចាក់សំរាម និងទីតាំងកែច្នៃសំរាមនៅតាមតំបន់ និងទីប្រជុំជនសំខាន់ៗ រួមទាំងការសាងសង់ពង្រីកចំណតផែកុងតឺន័រនៅក្រុងព្រះសីហនុ និងកំពង់ផែរណបទន្លេជាច្រើនហូរហែផងដែរ៕

អត្ថបទទាក់ទង