រាជរដ្ឋាភិបាលនឹងឈានទៅកំណត់អត្តសញ្ញាណ ចុះបញ្ជី និងផ្តល់អត្ថប្រយោជន៍គាំពារសង្គម ដល់ក្រុមគ្រួសារគោលដៅ កាន់តែមានប្រសិទ្ធភាព បន្ទាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពីការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យលេខ ៣៨ អនក្រ.បក ចុះថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម ដោយបានកំណត់អំពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានបែបសមាហរណ និងមានសុខដុមភាព ក្នុងការចុះបញ្ជី និងគ្រប់គ្រងទិន្នន័យ ដើម្បីធានានូវប្រសិទ្ធភាព តម្លាភាព និងសង្គតិភាពខ្ពស់។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានផ្តល់ព័ត៌មានបន្ថែមថា អនុក្រឹត្យនេះបើកផ្លូវដើម្បីឈានទៅដាក់ឱ្យអនុវត្តពេញលេញនូវថ្នាលគាំពារសង្គមឌីជីថល និងមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គមរួម ដែលមានសមត្ថភាពចុះបញ្ជី និងផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណ និងបើកផ្តល់អត្ថប្រយោជន៍គាំពារសង្គមនានា កាត់បន្ថយបាននូវប្រតិបតិ្តការស្ទួន និងភាពបែកខ្ញែកនៃប្រព័ន្ធរបស់ប្រតិបត្តិករ និងតួអង្គពាក់ព័ន្ធនានា។
ឯកឧត្តមបណ្ឌិតបន្ថែមថា មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គនេះ មានសមត្ថភាពកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងក្រុមគោលដៅនានា រួមទាំងកំណត់នូវស្ថានភាពងាយរងគ្រោះ និងស្ថានភាពងាយរងហានិភ័យ សម្រាប់កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ដោយចុះបញ្ជី និងធ្វើសន្ធានកម្ម តាមរយៈអន្តរប្រតិបត្តិការ និងសមកាលកម្ម លើថ្នាលគាំពារសង្គមឌីជីថល ដោយប្រើប្រាស់ស្តង់ដាទិន្នន័យ និងលេខសម្គាល់គាំពារសង្គមតែមួយគត់ (SPID) ចំនួន ១០ខ្ទង់ សម្រាប់បុគ្គលម្នាក់ ដែលសម្តេចធិបតីនាយករដ្ឋមន្ត្រីបានសម្រេចដាក់ចេញដ៍ខ្ពង់ខ្ពស់ ជាមួយនឹងអនុក្រឹត្យនេះ។




