ខ្មែរប៉ុស្ដិ៍ Close

សម្តេចពិជ័យសេនា ទៀ បាញ់ ផ្ញើសារអបអរសាទរ ឯកឧត្តម គុយ សុផល ដែលត្រូវព្រះមហាក្សត្រ ប្រទានគោរមងារជា «ឧកញ៉ា មហាមន្ត្រី»

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 66

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានផ្ញើសារចូលរួមអបអរសាទរចំពោះ ឯកឧត្តម គុយ សុផល ដែលត្រូវបានព្រះមហាក្សត្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា មហាមន្ត្រី គុយ សុផល។

នៅក្នុងឱកាសដ៏មហាឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា ប្រកបដោយក្តីសោមនស្សរីករាយ ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះឧកញ៉ា មហាមន្រ្តី ក្នុងឱកាសព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា មហាមន្ត្រី គុយ សុផល។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមថ្លែងការកោតសរសើរដោយសុទ្ធចិត្តបំផុតចំពោះឧកញ៉ា មហាមន្ត្រី ដែលជាឥស្សរជនមួយរូប បានខិតខំប្រឹងប្រែងយ៉ាងសកម្ម និងលះបង់កម្លាំងកាយ ចិត្ត ទាំងថ្ងៃ ទាំងយប់ ក្នុងការបំពេញភារកិច្ចថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជូនក្រសួងព្រះបរមរាជវាំង ប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ ទទួលបាន លទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ ជាយូរឆ្នាំកន្លងមកហើយ ឧកញ៉ា មហាមន្ត្រី បានសម្របសម្រួលការងារគ្រប់ស្ថាប័នរបស់រាជរដ្ឋាភិបាល ជាមួយស្ថាប័នព្រះមហាក្សត្រ ប្រកបដោយភាពរលូន និងជោគជ័យយ៉ាងត្រចះត្រចង់។

ជាថ្មីម្ដងទៀត ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាតាមជួយបីបាច់ ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការជូនចំពោះឧកញ៉ា មហាមន្ត្រី សូម បានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឧកញ៉ា មហាមន្ត្រី គុយ សុផល ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ទូទៅអមក្រសួងព្រះបរមរាជវាំង ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕

អត្ថបទទាក់ទង