ខ្មែរប៉ុស្ដិ៍ Close

ក្រុមហ៊ុនផ្នែកដឹកជញ្ជូនលំដាប់ពិភពលោក គ្រោងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 94
ក្រុមហ៊ុនផ្នែកដឹកជញ្ជូនលំដាប់ពិភពលោក គ្រោងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជាក្រុមហ៊ុនផ្នែកដឹកជញ្ជូនលំដាប់ពិភពលោក គ្រោងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

ក្រុមហ៊ុន CMA CGM GROUP ដែលជាក្រុមហ៊ុនដឹកជញ្ជូនលំដាប់ពិភពលោកមួយ គ្រោងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា។ បំណងនេះត្រូវបានលើកបង្ហាញដោយលោក Rodolphe SaaDé ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន CMA CGM GROUP ក្នុងពេលជួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងជំនួបនេះ លោក Rodolphe SaaDé បានជម្រាបឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន CMA CGM GROUP ជាក្រុមហ៊ុនដឹកជញ្ជូនដែលមានការិយាល័យច្រើនជាង៤០០ និងកំពុងធ្វើប្រតិបត្តិការក្នុងប្រទេសជាង១៦០នៅទូទាំងពិភពលោក។ ក្រុមហ៊ុន ក៏មាននាវា សម្រាប់ដឹកជញ្ជូនប្រមាណ៦២៣ និងយន្តហោះដឹកទំនិញចំនួន៦ផងដែរ។

ដោយឡែក សម្រាប់សេវាកម្មសំខាន់ៗរបស់ក្រុមហ៊ុន រួមមាន៖ សេវាដឹកជញ្ជូនទំនិញទូទាំងពិភពលោក, សេវាឡូជីស្ទីក (end-to-end logistics), សេវាតាមដានអំពីដំណើរការដឹកជញ្ជូន និងការរៀបចំទុកដាក់ទំនិញ, និងជំនាញពាក់ព័ន្ធនឹងកុងតឺន័រសម្រាប់ដឹកទំនិញគ្រប់ប្រភេទ។ ជាមួយគ្នានេះ លោកប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន ក៏បានជម្រាបជូនអំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញក្តីរីករាយ និងស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដោយបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធានាបរិយាកាសវិនិយោគអំណោយផល និងការជួយសម្របសម្រួលដល់វិនិយោគិនទាំងអស់ឱ្យទទួលបានភាពកក់ក្តៅ និងទំនុកចិត្តខ្ពស់៕

អត្ថបទទាក់ទង