ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម ទេសរដ្ឋមន្រ្តី ឆៃ ស៊ីណារិទ្ធ ផ្ញើសារជូនពរសម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសដ៏មហានក្ខន្តឫក្ស នៃពិធីចម្រើនជន្មាយុ

ដោយ៖សុវណ្ណ បុត្រា | ថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 223

(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី ឆៃ ស៊ីណារិទ្ធ សូមសម្តែងនូវអំណរសាទរប្រកបដោយសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង នាឱកាសពិធីចម្រើនជន្មាយុ គម្រប់ ៧៣ ឈានចូល៧៤ឆ្នាំ របស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងឈានមកដល់នៅថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ។

យើងខ្ញុំសូមយកឱកាសដ៏វិសេសវិសាលនេះ សម្តែងនូវមនោសញ្ចេតនាគោរពស្រលាញ់ កោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត និងចងចាំជានិច្ចនូវគំរូវីរភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ដែលជានិច្ចកាល បានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងបញ្ញាញាណ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា តាមរយៈការចាត់វិធានការប្រកបដោយប្រសិទ្ធភាព ក្នុងការការពារសន្តិភាព ពង្រឹងនីតិរដ្ឋ លើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ និងការធ្វើឲ្យប្រសើរឡើងនូវការផ្ដល់សេវាសាធារណៈ ក៏ដូចជាការលើកកម្ពស់ វិស័យ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ទន្ទឹមនេះ សម្ដេចក្រឡាហោម ក៏បានបំពេញតួនាទីជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយបានដង្ហែតាមព្រះរាជសកម្មភាពរបស់ព្រះមហាក្សត្រដោយ ស្វាមីភក្តិ និងបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ ក៏ដូចជាការកសាងនូវសមិទ្ធផលជាច្រើន ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដើម្បីទុកជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ និងសង្គមជាតិ។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខន្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក សូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ បវរសួរស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូន សម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រ បុត្រធីតា ចៅប្រុស-ស្រីជាទីស្រលាញ់ សូមទទួលបាន នូវពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Credit: Fresh News

អត្ថបទទាក់ទង