ខ្មែរប៉ុស្ដិ៍ Close

អន្ដរជាតិភ្ញាក់ផ្អើលខ្លាំង ចំពោះកីឡាហែលទឹកពាក់ជើងទាកម្ពុជា ដែលឈ្នះមេដាយ ៥គ្រឿង សម្រាប់ការចូលរួមលើកដំបូងក្នុងជើងឯកអាស៊ី

ដោយ៖សុវណ្ណ បុត្រា | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 185
អន្ដរជាតិភ្ញាក់ផ្អើលខ្លាំង ចំពោះកីឡាហែលទឹកពាក់ជើងទាកម្ពុជា ដែលឈ្នះមេដាយ ៥គ្រឿង សម្រាប់ការចូលរួមលើកដំបូងក្នុងជើងឯកអាស៊ី អន្ដរជាតិភ្ញាក់ផ្អើលខ្លាំង ចំពោះកីឡាហែលទឹកពាក់ជើងទាកម្ពុជា ដែលឈ្នះមេដាយ ៥គ្រឿង សម្រាប់ការចូលរួមលើកដំបូងក្នុងជើងឯកអាស៊ី

(ភ្នំពេញ)៖ បណ្ដាប្រទេសអាស៊ី បានសម្ដែងការភ្ញាក់ផ្អើលខ្លាំង ចំពោះក្រុមកីឡាហែលទឹកពាក់ជើងទាជម្រើសជាតិកម្ពុជា បន្ទាប់ពីដណ្ដើមបានមេដាយច្រើន សម្រាប់ការបង្ហាញខ្លួនលើកដំបូង នៅការប្រកួតកីឡាហែលទឹកពាក់ជើងទាអាស៊ី លើកទី១៨ (18th Asian Finswimming championships) ឆ្នាំ២០២៣ នៅខេត្តភូកេត ប្រទេសថៃ កាលពីថ្មីៗ ។ នេះបើតាមការបញ្ជាក់របស់លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក និងជាអគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកពាក់ជើងទាអាស៊ីអាគ្នេយ៍។

លោកថា ក្នុងចំណោមអត្តពលិក ១៧ប្រទេស ដែលចូលរួមប្រកួតជើងឯកអាស៊ីខាងលើ កម្ពុជា បានទទួលចំណាត់ថ្នាក់លេខ៦ ដោយដណ្ដើមបានមេដាយមាស ២ (ស្មើម្ចាស់ផ្ទះថៃ) មេដាយប្រាក់ ១ និងមេដាយសំរឹទ្ធ ២ ។ លទ្ធផលនេះ ត្រូវបានចាត់ទុកជាលទ្ធផលដ៏ល្អមួយ សម្រាប់កីឡាហែលទឹកពាក់ជើងទាកម្ពុជា ដែលទើបកកើតថ្មី តែបានទទួលជោគជ័យជាបន្ដបន្ទាប់ ពិសេសការឈានដល់គោលដៅថ្មី នៃការឈ្នះមេដាយកម្រិតអាស៊ី បន្ទាប់ពីកីឡាហែលទឹកពាក់ជើងទាកម្ពុជា ដណ្ដើមបានជោគជ័យក្នុងស៊ីហ្គេម ឆ្នាំ២០២៣ កាលពីថ្មីៗ។

អគ្គលេខាធិការដដែលបន្ដថា «នេះគឺជាមោទនភាពមែនទែន ដែលយើងឈរចំណាត់ថ្នាក់លេខ៦ គឺយើងមិននឹកស្មានដល់ទេ ។ លទ្ធផលនេះ សបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំសហព័ន្ធ និងការខិតខំប្រឹងប្រែងរបស់គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ដើម្បីទទួលបានជោគជ័យជូនជាតិ ។ ការប្រកួតនេះ យើងបានទទួលការកោតសរសើរពីបណ្ដាប្រទេសចូលរួម ទោះបីយើងទើបចូលរួមលើកទី១ តែកម្ពុជាដណ្ដើមបានមេដាយច្រើនគួរសម ដែលបណ្ដាប្រទេសមួយចំនួន មិននឹកស្មានកម្ពុជាអាចធ្វើបានដល់កម្រិតនេះ»។

ជាមួយការបង្ហាញខ្លួនលើកដំបូង ក្នុងជើងឯកកីឡាហែលទឹកពាក់ជើងឯកអាស៊ីនេះ កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី ៤រូបចូលរួម។ ជាលទ្ធផលកីឡាការិនី កាំង មុយនីន ដណ្ដើមបានមេដាយមាស ២ និងប្រាក់ ១ និងកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ដណ្ដើមបានមេដាយសំរឹទ្ធ ២ ឈរលេចំណាត់ថ្នាក់លេខ៦ ក្នុងតារាងមេដាយ បន្ទាប់ពីម្ចាស់ផ្ទះថៃ ដែលឈ្នះមេដាយមាស ២ ប្រាក់ ៦ និងសំរឹទ្ធ ៩ ។ រីឯវៀតណាម ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៤៥គ្រឿង (មាស ១៨ ប្រាក់ ១៤ និងសំរឹទ្ធ ១៣), កូរ៉េ ឈរលេខ២ ឈ្នះមេដាយមាស ១៤ ប្រាក់ ១៥ និងសំរឹទ្ធ ១៥ និងចិន ឈរលេខ៣ ឈ្នះមេដាយមាស ១២ ប្រាក់ ៨ និងសំរឹទ្ធ ៦៕

អត្ថបទទាក់ទង