ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាចាប់ផ្តើមជួសជុលខ្លោងទ្វារប្រាសាទតាកាវឡើងវិញដើម្បីការពារកុំឱ្យបាក់ស្រុត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 30
អាជ្ញាធរជាតិអប្សរាចាប់ផ្តើមជួសជុលខ្លោងទ្វារប្រាសាទតាកាវឡើងវិញដើម្បីការពារកុំឱ្យបាក់ស្រុត អាជ្ញាធរជាតិអប្សរាចាប់ផ្តើមជួសជុលខ្លោងទ្វារប្រាសាទតាកាវឡើងវិញដើម្បីការពារកុំឱ្យបាក់ស្រុត

អាជ្ញាធរជាតិអប្សរាចាប់ផ្តើមជួសជុលខ្លោងទ្វារប្រាសាទតាកាវឡើងវិញដើម្បីការពារកុំឱ្យបាក់ស្រុត ខណៈខ្លោងទ្វារនេះគឺជាច្រកចេញចូលដ៏សំខាន់ទៅកាន់តំបន់ប្រាសាទអង្គរធំ។

ក្រុមអ្នកជំនាញ អាជ្ញាធរជាតិអប្សរា ត្រៀមជួសជុលខ្លោងទ្វារប្រាសាទតាកាវនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ដើម្បីអភិរក្សបេតិកភណ្ឌជាតិដ៏មានតម្លៃនេះឱ្យកាន់តែមានសោភ័ណភាព ស្រស់ស្អាតឡើងវិញសម្រាប់មនុស្សជំនាន់ក្រោយតទៅមុខ ទៀត។

លោកឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា នៅថ្ងៃទី២១ខែកុម្ភៈខាង មុខនេះ អ្នកជំនាញនឹងចាប់ផ្ដើមជួសជុលខ្លោងទ្វារប្រាសាទតាកាវ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោកបន្តថា ខ្លោងទ្វារតាកាវ ជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន។ ដោយសារអាយុកាល អាកាសធាតុ សង្គ្រាម កង្វះការថែទាំ និងការដុះដាលនៃដើមឈើ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្សនិងទេវតាជាច្រើនដួលរលំ ហើយក៏បានធ្វើឱ្យរចនាសម្ព័ន្ធរបស់ខ្លោងទ្វារមួយភាគធំ ពិសេសរូបដំរីទាំង៤បានរងនូវការខូចខាតជាខ្លាំង ដែលតម្រូវឱ្យមានការជួសជុលដើម្បីសង្គ្រោះនិងអភិរក្ស។

សូមជម្រាបផងដែរថា ការជួសជុលខ្លោងទ្វារប្រាសាទតាកាវនេះ ត្រូវបានសហការជាមួយវិស័យឯកជន ដើម្បីចូលរួមចំណែកថែរក្សាខ្លោងទ្វារប្រាសាទនេះ ឱ្យមានលក្ខណៈរឹងមាំស្រស់ស្អាតឡើងវិញសម្រាប់មនុស្សជំនាន់ក្រោយបានឃើញបានស្គាល់តទៅមុខទៀត៕