ខ្មែរប៉ុស្ដិ៍ Close

សិក្ខាសាលាពិគ្រោះយោបល់ក្នុងការរៀបចំសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពី ការទប់ស្កាត់អំពើហិង្សាលើស្រី្តលើកទី៣

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 27

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ លោកស្រី យូ សុភា អភិបាលរងខេត្ត ជាតំណាងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ក្នុងការរៀបចំសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពី «ការទប់ស្កាត់អំពើហិង្សាលើស្រី្តលើកទី៣ (២០១៩-២០២៣)» ដែលរៀបចំដោយក្រសួងកិច្ចការនារី សហការជាមួយអង្គការ UN Women និងអង្គការ UNFPA ។ សិក្ខាសាលានេះ មានគោលបំណង ដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ សំខាន់ៗ ទាំងនៅក្នុងស្ថាប័នរាជរដ្ឋាភិបាល និងសង្គមស៊ីវិល អំពីវឌ្ឍនភាពបច្ចុប្បន្នភាព បញ្ហានានាដែលកំពុងកើតឡើង និងការចាត់អាទិភាពសកម្មភាពសម្រាប់ឆ្នាំ២០១៩ តទៅ។

ក្នុងប្រសាសន៍ស្វាគមន៍របស់លោកស្រីអភិបាលរងខេត្តសៀមរាប បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា «ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ» ហើយមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្រ្តី ដោយបានដាក់បញ្ចូលការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទៅលើចំណុចគោលដៅអភិវឌ្ឍន៍ជាតិ និងបានជំរុញឱ្យក្រសួងស្ថាប័ន ពាក់ព័ន្ធអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងច្បាប់ពាក់ព័ន្ធផ្សេងៗទៀត។

ដើម្បីរក្សាសុវត្ថិភាព សន្តិសុខសង្គម ធានាការគោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិស្រ្តី និងកុមារ។ ហើយផែនការយុទ្ធសាស្រ្តនារីរតនៈក្នុងវិស័យ «កិច្ចការពារផ្លូវច្បាប់ចំពោះស្រ្តី និងក្មេងស្រី» បាននិងកំពុងជំរុញបណ្តាញការងាររបស់ខ្លួនពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ក្នុងការជួយដោះស្រាយបញ្ហារបស់ស្រ្តី និងកុមារ និងអន្តរាគមន៍ទាន់ពេលវេលា ដល់ជនរងគ្រោះដោយអំពើហិង្សា ដែលមានការសម្របសម្រួលជាពហុវិស័យ។ ការបញ្ឈប់អំពើហិង្សាលើស្រ្តីគឺអាចធ្វើទៅបានតាមរយៈការឆ្លើយតបជាពហុវិស័យទាមទារឱ្យមានការចូលរួមរបស់អ្នកពាក់ពន្ធ័រួមទាំងស្រ្តីខ្លួនឯងផងដែរ។

ថ្លែងក្នុងមតិសំណេះសំណាលបើកសិក្ខាសាលា លោកស្រី ឡុង សុផល្លី អនុរដ្ឋលេខាធិការ តំណាង រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា ដោយផ្អែកលើ ការអង្កេតថ្នាក់ជាតិលើសុខភាព និងបទពិសោធន៍ក្នុងជីវិតរបស់ស្រ្តី នៅឆ្នាំ២០១៥ បានបង្ហាញថា៖ ក្នុងចំណោមស្រ្តីអាយុ ១៥ឆ្នាំ ដល់៦៤ឆ្នាំ មាន៥នាក់ ដែលធ្លាប់មានទំនាក់ទំនង ក្នុងនោះមាន១នាក់រាយការណ៍ថា ធ្លាប់ទទួលរងអំពើហិង្សាផ្លូវកាយ និង/ឬផ្លូវភេទ ពីសំណាក់ដៃ គូស្នេហា។

ដើម្បីទប់ស្កាត់ និងឆ្លើយតបទៅនឹងអំពើហិង្សាប្រកបដោយប្រសិទ្ធភាព ក្រសួងកិច្ចការនារី បានគ្រោងរៀបចំផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី លើកទី៣ សម្រាប់ ឆ្នាំ ២០១៩- ២០២៣ ក្រោមការគាំទ្រថវិកា និងបច្ចេកទេសពី UN WOMEN និង UNFPA ក្នុងគោលបំណង ដើម្បីបន្តអនុវត្តការទប់ស្កាត់ និងឆ្លើយតបចំពោះករណីអំពើហិង្សាលើស្រ្តី។

ក្នុងការទាមទារឱ្យមានការប្រើប្រាស់អភិក្រមអន្តរវិស័យគ្រប់ជ្រុងជ្រោយមួយ ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើស្រ្តី ដោយផ្អែកលើរបាយការណ៍ពាក់កណ្តាលអាណត្តិ ដែលបានកំណត់ពីបញ្ហាប្រឈមដែលត្រូវដោះស្រាយ និងសកម្មភាពអាទិភាពដែលនៅសេសសល់ សម្រាប់បន្តការអនុវត្តផែនការសកម្មភាពជាតិស្តីពី ការទប់ស្កាត់អំពើហិង្សាលើស្រ្តីលើកទី៣ (២០១៩-២០២៣)៕

អត្ថបទទាក់ទង